កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ (48th SSEAYP)
📢 កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ (48th SSEAYP)
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៤ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ របស់ប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ (48th SSEAYP) នាសាលប្រជុំរបស់មជ្ឈមណ្ឌលម៉ានី។
គប្បីរំលឹកផងដែរថា អគ្គនាយកដ្ឋានយុវជន បានប្រកួតប្រជែងជ្រើសរើសយុវជនដែលពោរពេញទៅដោយសក្តានុពល ចំនួន ១៥ រូប និងប្រធានប្រតិភូចំនួន ១ រូប ដើម្បីតំណាងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រចាំតំបន់ គឺ 48th SSEAYP។ ប្រតិភូទាំង ១៥ រូបបានឆ្លងកាត់វគ្គបំប៉នសមត្ថភាពទៅលើបំណិនទន់ ការងារជាក្រុម ការពិភាក្សាក្រុម និងការសម្តែងសិល្បៈវប្បធម៌ ក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។
ក្នុងពិធីបិទនេះ ប្រតិភូនាវាយុវជនកម្ពុជា បានដាក់តាំងបង្ហាញអំពីសកម្មភាពត្រៀមនានា និងសម្តែងសិល្បៈជូនអង្គពិធីទាំងមូល ដែលត្រៀមសម្រាប់ការចូលរួមការសម្តែងតំណាងជាតិក្នុងអំឡុងពេលកម្មវិធី (National Presentation)។
លោក សុះ សលីហ៊ីន ប្រធានប្រតិភូយុវជន តំណាងឱ្យគណៈប្រតិភូនាវាយុវជនកម្ពុជា បានឡើងថ្លែងអំណរគុណចំពោះការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបេសកម្មមួយនេះឱ្យទទួលបាននូវជោគជ័យ និងលទ្ធផលខ្ពស់ និងថ្លែងអំណរគុណជូនចំពោះក្រុមគ្រូបង្វឹករបស់សមាគម ដែលតែងបានជួយជ្រោមជ្រែង និងការចូលរួមកន្លងទៅ។
លោកជំទាវ អគ្គនាយកយុវជន ក្នុងទឹកចិត្ត និងមនោសញ្ចេតនារំភើប សប្បាយរីករាយ បានធ្វើការកោតសរសើរចំពោះគណៈប្រតិភូយុវជន ចំពោះការខិតខំប្រឹងប្រែង តស៊ូ រហូតបានបញ្ចប់វគ្គបណ្តុះបណ្តាលនាឱកាសនេះ។ ក្នុងនាមជាអាណាព្យាបាលមួយរូប និងតំណាងឱ្យលោកឳពុក និងអ្នកម្តាយគ្រប់ៗរូប លោកជំទាវ មានមោទកភាព និងសង្ឃឹមយ៉ាងមុតមាំថា ប្រតិភូយុវជនទាំងអស់ រក្សាឱ្យបាន និងអនុវត្តនូវបណ្តាំរបស់ថ្នាក់ដឹកនាំដែលបានក្នុងពេលជំនួបសម្តែងការគួរសមកន្លងទៅ និងយកអស់កម្លាំងកាយចិត្តក្នុងភាពជាតំណាងកម្ពុជា លើឆាកអន្តរជាតិ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង បង្កើតទំនាក់ទំនងល្អ រៀនសូត្រ និងកែលម្អខ្លួនជាប្រចាំ ដើម្បីក្លាយខ្លួនជាអ្នកស្នងមរតករបស់ជាតិ នាពេលអនាគត។
📅 ជាការគ្រោងទុក ប្រតិភូនាវាយុវជនកម្ពុជា នឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី ៤៨ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ៕
🔗 ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន៖ https://linktr.ee/dgy.moeys.gov.kh
📍 រាជធានីភ្នំពេញ | ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៤